(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះបានចុះហត្ថលេខាហើយលើសេចក្ដីព្រាងច្បាប់ មួយដើម្បីឱ្យវាក្លាយទៅច្បាប់ផ្លូវការ ដែលចាត់ទុកកងទ័ពអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ាជាភេរវករ ក៏ដូចជា ចាត់ទុករដ្ឋាភិបាលអាមេរិកផ្ទាល់ជារដ្ឋគាំទ្រភេរវកម្មផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
សេចក្ដីព្រាងច្បាប់ខាងលើត្រូវអនុម័តដោយសភាអ៊ីរ៉ង់ កាលពីសប្ដាហ៍មុន ជាការសងសឹកទៅនឹងការសម្រេចចិត្តរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម។ ប៉ុន្តែ ព្រមពេលជាមួយគ្នា គេមិនទាន់ដឹងថាច្បាប់ថ្មីរបស់អ៊ីរ៉ង់ នឹងបង្កផលប៉ះពាល់ក្នុងកម្រិតណាដល់ប្រតិបតិ្តការ និងកងទ័ព អាមេរិកដែលកំពុងឈរជើងនៅតំបន់មជ្ឈិមបូព៌ានោះទេ។
គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អ៊ីរ៉ង់ ក៏បានចាត់ទុកទីបញ្ជាការកណ្ដាលអាមេរិក (CENTCOM) ដែលទទួលខុសត្រូវលើ ប្រតិបតិ្តការយោធានៅប្រទេសអាហ្វហ្គានីស្ថាន និងតំបន់មជ្ឈិបូព៌ាគឺជាអង្គការភេរវរកម្មផងដែរ៕