(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានព្រមានថាកងទ័ពនឹងប្រើប្រាស់អាវុធ នៅក្នុងករណីចាំបាច់ ខណៈមេបក្សប្រឆាំងលោក Juan Guaido បានប្រកូកប្រកាសឱ្យប្រជាជន វេណេស៊ុយអេឡាទាំងអស់ចូលរួមមហាបាតុកម្មប្រឆាំងនឹងលោក ម៉ាឌូរ៉ូ នៅថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក Padrino Lopez បានគូសបញ្ជាក់ដូច្នេះថា៖ «នរណាក៏ដោយ ឱ្យតែហ៊ានមកក្បែរវិមានប្រធានាធិបតីជាមួយការប្រពឹ្រត្តអំពើហិង្សា នោះពួកគេនឹងត្រូវបានបង្រ្កាបដោយហិង្សាវិញ ...ហើយនៅក្នុងករណីចំាបាច់យើងនឹងប្រើប្រាស់អាវុធ»។
គួរបញ្ជាក់ថា លោក Padrino Lopez ក៏បានក្រើនរំឮកទុកជាមុនផងដែរថាបើសិនជាមាននរណាម្នាក់ស្លាប់ នៅក្នុងបាតុកម្ម នោះលោក Juan Guaido គឺជាអ្នកទទួលខុសត្រូវ ខណៈទីក្រុងការ៉ាកាស់កំពុងជួបវឹកវរជាថ្មីបន្ទាប់ពី មានសេចក្ដីរាយការណ៍ថាក្រុមយោធាមួយក្ដាប់តូចប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងលោក ម៉ាឌូរ៉ូកាលពីថ្ងៃអង្គារ៕