(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបង្កើនការរាំងខ្ទប់ ព្រមទាំងទណ្ឌកម្មដល់កម្រិតខ្លាំងបំផុតលើគុយបា ប្រសិនបើប្រទេសគុយបា មិនបញ្ឈប់សកម្មភាពនៃកងទ័ពរបស់ខ្លួន នៅប្រទេសវេណេស៊ុយអេឡាទេនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
លោក ត្រាំ បានធ្វើការព្រមានខ្លាំងៗបែបនេះនៅលើបណ្តាលសង្គម Twitter ដោយលោកបានលើកឡើងធ្ងន់ៗយ៉ាងដូច្នេះថា «ប្រសិនបើកងទ័ព និងកងជីវពលគុយបា មិនបញ្ឈប់សកម្មភាពយោធា នៅវេណេស៊ុយអេឡាទេនោះ សហរដ្ឋអាមេរិកនឹងបង្កើនការរាំងខ្ទប់គុយបា ឲ្យជិតទាំងស្រុងតែម្តង រួមជាមួយកញ្ចប់ទណ្ឌកម្មកម្រិតខ្ពស់បំផុត»។
គួរជម្រាបថា វាមិនច្បាស់នោះឡើយថា យោធាគុយបាមានវត្តមានពិត ឬមិនពិត ឬមួយក៏ចំនួនប៉ុន្មាននៅក្នុងប្រទេសវេណេស៊ុយអេឡា ដូចការអះអាងជាច្រើនដងរបស់ ទីក្រុងវ៉ាស៊ីនតោននោះ តែគុយបាបានផ្តល់គ្រូពេទ្យរាប់ម៉ឺននាក់ ទៅកាន់វេណេស៊ុយអេឡា ចាប់តាំងតែពីអតីតមេដឹកនាំវេណេស៊ុយអេឡា លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) បានផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយគុយបា កាលពីដើមទសវត្សរ៍ឆ្នាំ២០០០៕