(វ៉ាស៊ីនតោន)៖ រដ្ឋបាលសហព័ន្ធអាកាសចរណ៍ស៊ីវិលអាមេរិក (FAA) បានចេញបញ្ជាហាមឃាត់ រាល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ មិនឱ្យហោះហើរពីលើដែនអាកាសនៃប្រទេសវេណេស៊ុយអេឡា ក្នុងរយៈកម្ពស់ទាបជាង ៨,០០០ម៉ែត្រឡើយ រហូតដល់មានការជូនដំណឹងជាថ្មី ដោយសារតែភាពវឹកវរដែលកំពុងកើតមាន នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៩។
បន្ថែមពីលើនេះ នៅក្នុងបទបញ្ជារបស់ខ្លួន FAA ក៏និយាយដែរថា ប្រតិបត្តិករ ឬក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ ដែលកំពុងមានវត្តមានក្នុង ប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្ន ក្នុងនោះរួមទាំងក្រុមហ៊ុនអាកាសចរណ៍ឯកជន គួរតែចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល ៤៨ម៉ោង។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines Group Inc ធ្លាប់បានប្រកាសកាលពីខែមីនាថា នឹងផ្អាករាល់ការហោះហើរទៅកាន់ ប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ការចេញបញ្ជារបស់ FAA កើតមានឡើងតែប៉ុន្មានប៉ុណ្ណោះ ក្រោយមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ទទួលស្គាល់ថា បានចាប់ផ្ដើមអនុវត្តន៍ដំណាក់កាលចុងក្រោយ នៃផែនការធ្វើរដ្ឋប្រហារប្រឆាំងលោក ម៉ាឌូរ៉ូ ខណៈសហរដ្ឋអាមេរិកព្រមានជាថ្មីដែរថា ជម្រើស គ្រប់យ៉ាងរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ត្រៀមនៅលើតុជាស្រេច ដើម្បីដោះស្រាយជាមួយទីក្រុងការ៉ាកាស់៕