(ញូដេលី)៖ ឥណ្ឌានិងបារាំងនឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាមានឈ្មោះថា Varuna ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ ជាមួយវត្តមាននាវាចម្បាំងនិងនាវាមុជទឹកទំនើបៗរបស់ប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
សមយុទ្ធយោធាខាងលើ ដែលត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៨៣ និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-បារាំង នឹងមានការចូលរួមពីនាវាដឹកយន្តហោះចម្បាំង FNS Charles de Gaulle នាវាពិឃាត FNS Forbin និង FNS Provence ព្រមទាំងនាវាប្រយុទ្ធ FNS Latouche-Treville នាវាផ្ទុកសាំង FNS Marne និងនាវានុយក្លេអ៊ែរមួយគ្រឿងពីខាងទ័ពជើងទឹកបារាំង។ រីឯខាងឥណ្ឌាវិញ នឹងរួមមាន នាវាដឹកយន្តហោះចម្បាំង INS Vikramaditya នាវាពិឃាត INS Mumbai នាវាប្រយុទ្ធ INS Tarkash នាវាមុជទឹក INS Shankul និងនាវាដឹកសាំង INS Deepak។
គួរជម្រាបថា សមយុទ្ធយោធាជើងទឹក Varuna នឹងប្រព្រឹត្តទៅក្នុងលក្ខណៈជា០២ដំណាក់កាល ដោយដំណាក់កាលទីមួយ នឹងធ្វើឡើងពីថ្ងៃពុធនេះរហូតដល់ថ្ងៃទី១០ ខែឧសភា នៅក្បែរឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌា និងដំណាក់កាលទីពីរ គឺនៅចុងខែឧសភា នៅប្រទេសជីប៊ូទី (Djibouti)៕