(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើអន្តរាគមន៍យោធាដោះស្រាយវិបត្តិ និងភាពចលាចលបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃពុធនេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា៖« ការធ្វើអន្តរាគមន៍យោធាអាចនឹងកើតមាន...ហើយបើសិន ជាវាតម្រូវត្រូវតែធ្វើ នោះសហរដ្ឋអាមេរិកនឹងធ្វើវាភ្លាម»។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ប៉ុមប៉េអូ នៅតែបញ្ជាក់ដដែល ថាទីក្រុងវ៉ាស៊ីនតោននៅតែចង់ឃើញមានការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួរជម្រាបថា មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប ជាពិសេសគឺទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ធ្លាប់បានព្រមាន ពីការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា ដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាចជាច្រើនដងរួចមកហើយ។ ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថាសហរដ្ឋអាមេរិកចង់ប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច ដោះស្រាយជាមួយលោក ម៉ាឌូរ៉ូ ជាជាងប្រើកម្លាំងយោធា ពីព្រោះទីក្រុងការ៉ាកាស់មានរុស្ស៊ីជាខ្នងបង្អែក៕