(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថារដ្ឋាភិបាលរបស់លោកបានត្រៀម ខ្លួនរួចជាស្រេចក្នុងការអនុម័តលើផែនការកំណែទម្រង់នានាដើម្បីកែកំហុសគ្រប់យ៉ាង ខណៈកំពុងប្រឈមមុខនឹងការ ប៉ុនប៉ងធ្វើរដ្ឋប្រហារដឹកនាំដោយមេបក្សប្រឆាំងលោក Juan Guaido ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសុន្ទរកថាមួយនាឱកាសទិវាពលកម្មអន្តរជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ « ខ្ញុំសម្រេចចិត្តយកថ្ងៃសៅរ៍ ទី០៤ និងថ្ងៃអាទិត្យ ទី០៥ ខែឧសភានេះជាទិវាជាតិនៃកិច្ចសន្ទនា ដ៏អស្ចារ្យដោយអនុញ្ញាតឱ្យអាជ្ញាធរសាធារណៈទាំងអស់ប្រាប់រដ្ឋាភិបាលពីអ្វីដែលត្រូវផ្លាស់ប្ដូរ... ហើយខ្ញុំនឹងអនុម័តលើផែនការមួយស្ដីពីការធ្វើកំណែទម្រង់នានាដើម្បីកែតម្រូវកំហុសគ្រប់យ៉ាងឡើងវិញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូក៏បានព្រមានជាថ្មីផងដែរថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអន្តរាមន៍យោធានៅវេណេស៊ុយអេឡានៅក្នុងករណីចាំបាច់ ស្របពេលមេបក្ស ប្រឆាំង លោក Juan Guaido ក៏បានទទួលស្គាល់ដែរពីការចាប់ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយនៃផែនការធ្វើ រដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច៕