(វ៉ាស៊ីនតោន)៖ វែបសាយ Politico បានចេញផ្សាយថា ក្រុមហ៊ុន Facebook ទំនងជាអាច ទទួលបានការបង្គាប់ពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ឲ្យបង្កើត គណៈកម្មាធិការឯករាជ្យមួយ ដែលមានតួនាទីត្រួតពិនិត្យទៅលើជំហាននានា ដើម្បីការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ រាប់ពាន់លាននាក់នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
ព័ត៌មានបានបន្តទៀតថា ជំហាននានាដែលនឹងត្រូវបង្កើតនោះរួមមាន ការជ្រើសរើសមន្ត្រី នានាដើម្បីបំពេញការងារ នៅក្នុងគណៈកម្មាធិការការពារព័ត៌មានឯកជន ដោយមានការព្រមព្រៀងពីអាជ្ញាធរសហព័ន្ធអាមេរិក និងក្រុមហ៊ុន Facebook ឬមានន័យថា សមាជិកទាំងអស់នៃគណៈកម្មាធិការនេះតម្រូវឲ្យមានការរួមគ្នារវាង សមាជិកដែលត្រូវបានជ្រើសតាំងដោយអាជ្ញាធរ FTC និង Facebook ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា អាជ្ញាធរ FTC បាននិងកំពុងធ្វើការស៊ើបអង្កេតនានា ពាក់ព័ន្ធទៅនឹងការចោទ ប្រកាន់ទៅលើបណ្តាញទំនាក់ទំនងសង្គមធំជាងគេលើលោក Facebook ដែលបាន ផ្តល់ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ប្រមាណ ៨៧លាននាក់ ទៅដល់ក្រុមហ៊ុនអង់គ្លេសមួយ ដែលមានឈ្មោះថា Cambridge Analytica ដើម្បីឲ្យក្រុមហ៊ុននេះប្រើប្រាស់ក្នុងការ ស្ទាបស្ទង់ផ្នែកនយោបាយ។ ការស៊ើបអង្កេតកន្លងមកនេះ គឺដើម្បីធ្វើឲ្យប្រាកដច្បាស់ថា តើការផ្តល់ព័ត៌មានឯកជនទាំងនោះ បានរំលោភលើកិច្ចព្រមព្រៀងការពារទិន្នន័យឯកជន របស់អ្នកប្រើប្រាស់រវាង Facebook និង FTC កាលពីឆ្នាំ២០១១ ដែរឬមួយក៏អត់៕