(វ៉ាស៊ីនតោន)៖ សង្រ្គាមពាក្យសម្ដីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានផ្ទុះឡើងយ៉ាងខ្លាំងនៅថ្ងៃពុធសប្ដាហ៍នេះ ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ចុងក្រោយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថា ជាមេ បង្កបញ្ហានៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
សម្រាប់ស្ថានភាពបច្ចុប្បន្ននៅវេណេស៊ុយអេឡា ត្រូវបានពិភពលោកមើលឃើញថា កាន់តែអាក្រក់ទៅៗបន្ទាប់ពីមេបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានទទួលស្គាល់ពីការចាប់ផ្ដើមធ្វើរដ្ឋប្រហារទម្លាក់ លោក ម៉ាឌូរ៉ូ ចេញពីអំណាច ជាមួយការអំពាវនាវឱ្យប្រជាជនទាំងអស់ ចូលរួមក្នុងមហាបាតុកម្ម ដែលត្រូវបានបង្រ្កាបយ៉ាងហិង្សា ពីសំណាក់កងកម្លាំងស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ ។
បន្ថែមពីខាងលើនេះ ភា្លមៗក្រោយបាតុកម្ម ឬផែនការរដ្ឋប្រហារផ្ទុះឡើងតែមិនបានសម្រេច រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានទូរស័ព្ទទៅនិយាយជាមួយសមភាគីរុស្ស៊ីគឺលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃពុធសប្ដាហ៍នេះ ដោយចោទប្រកាន់ត្រង់ៗតែម្ដងថា តួនាទីរបស់រុស្ស៊ីនៅវេណេស៊ុយអេឡាកំពុងបង្កភាព ចលាចល និងអស្ថេរភាពក្នុងប្រជាជាតិអាមេរិកឡាទីនមួយនេះ ហើយមានតែធ្វើប៉ះពាល់ដល់ទំនងទំនងទ្វេភាគី ជាមួយអាមេរិកតែប៉ុណ្ណោះ។
ប៉ុន្តែជាការឆ្លើយតបទៅវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov ក៏បានថ្កោលទោសសហរដ្ឋអាមេរិកវិញភ្លាមៗ សម្រាប់ការគាំទ្រមេបក្សប្រឆាំង លោក Juan Guaido ឱ្យធ្វើរដ្ឋប្រហារដណ្ដើមអំណាចដោយខុសច្បាស់ពីលោក ម៉ាឌរ៉ូ ដែល ជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងទៅលើអធិបតេយ្យភាពនៃប្រទេសមួយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាន និងកំពុងបន្តអនុវត្តគោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតប្រឆាំងនឹង រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ជាការគំាទ្រលោក Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណស៊ុយអេឡាស្ដីទី កាលពីថ្ងៃទី២៣ ខែមករា ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី ២ របស់លោក។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានកៀរគរសម្ព័ន្ធមិត្តឲ្យទទួលស្គាល់បក្សប្រឆាំងវេណេស៊ុយអេឡាជាក្រុមដឹកនាំស្របច្បាប់ ហើយរុស្ស៊ីវិញនៅតែបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ តាមគ្រប់វិធីដែលអាចធ្វើទៅបាន៕