(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គេវីន វីលៀមសុន (Gavin Williamson) ត្រូវបាននាយករដ្ឋមន្ត្រីលោកស្រី ថេរ៉ាសា ម៉ាយ (Theresa May) បណ្ដេញចេញពីតំណែងហើយ ដោយសារតែការទម្លាយព័ត៌មានសំងាត់ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ទៀតថា លោកស្រីនាយករដ្ឋមន្ត្រី Theresa May នៅល្ងាចថ្ងៃពុធបានស្នើឱ្យលោក Gavin Williamson លាលែងពីតំណែង ដោយសារតែធ្វើឱ្យលោកស្រីបាត់បង់ទំនុកចិត្ត លើសមត្ថភាពរបស់លោកក្នុងការបំពេញតួនាទីជារដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រី»។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិរូបនេះបានច្រានចោលរាល់ការចោទប្រកាន់។
គួរបញ្ជាក់ថា លោក Williamson បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយការលាលែង ពីតំណែងរបស់លោក ម៉ៃឃើល ហ្វលឡូន (Michael Fallon)។ លោក Williamson នឹងត្រូវបានជំនួសតំណែងដោយលោកស្រី ភែននី ម៉ូរដនត៍ (Penny Mordaunt) ដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិអង់គ្លេស ជាស្ត្រីដំបូងគេបំផុត៕