(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានអំពាវនាវឲ្យបណ្តាបុគ្គលិករដ្ឋរួមគ្នាធ្វើការតវ៉ាដ៏កក្រើក ដើម្បីដាក់សម្ពាធថែមទៀត រហូតដល់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ព្រមបោះបង់អំណាចចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
ក្នុងសារបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Twitter លោក Guaido បានលើកឡើងថា ខណៈដំណាក់កាលចុងក្រោយនៃ «ប្រតិបត្តិការដើម្បីសេរីភាព» បានចាប់ផ្តើម វាដល់ពេលហើយដែលបុគ្គលិករដ្ឋទាំងអស់គួរតែចូលរួម។ លោកក៏បានទទូចឲ្យក្រុមបាតុករទាំងអស់ បន្តធ្វើបាតុកម្មរហូតទាល់តែលោក ម៉ាឌូរ៉ូ យល់ព្រមចុះចេញពីតំណែង ខណៈការប៉ះទង្គិចគ្នារវាងក្រុមបាតុករគាំទ្រលោក Guaido និងកងកម្លាំងរក្សាសន្តិសុខគាំទ្ររដ្ឋាភិបាល បានកើតមាន និងបង្កឲ្យមនុស្សមួយចំនួនរងរបួស។
គួរជម្រាបថា លោក ម៉ាឌូរ៉ូ ក៏បានបង្ហាញឆន្ទៈចង់អនុម័តលើផែនការកំណែទម្រង់នានា ដើម្បីកែកំហុសគ្រប់យ៉ាង និងអំពាវនាវឲ្យមានកិច្ចសន្ទនា ខណៈស្ថានការណ៍នៅក្នុងប្រទេស កាន់តែមានភាពតានតឹងខ្លាំងឡើង។ ដោយឡែកសហរដ្ឋអាមេរិក និងរុស្ស៊ីដែលកំពុងកាន់ជើងភាគីជម្លោះម្ខាងម្នាក់នៅ វេណេស៊ុយអេឡានោះ ក៏កំពុងរិះរកវិធីដើម្បីបន្តគាំទ្រពួកគេបន្ថែមទៀតផងដែរ៕