(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ កំពុងតែមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាថា តើគួរតែចូលធ្វើអន្តរាគមន៍យោធា នៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីគាំទ្រដល់មេបក្សប្រឆាំងប្រទេសនេះ គឺលោក Juan Guaido ក្នុងការបណ្តេញប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចដែរ ឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Washington Post ស្របពេលដែលរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ នៅតែមានភាពរឹងមាំដដែល ក្រោយការធ្វើរដ្ឋប្រហារដោយមិនបានសម្រេចនោះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញតំរុយមិនច្បាស់លាស់នោះឡើយ ទាក់ទងនឹងជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នៅក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន សំដៅដោះ ស្រាយវិបត្តិដ៏តានតឹងនៅវេណេស៊ុយអេឡា។ Washington Post បានបញ្ជាក់ទៀតថា ក៏មានការទាស់សម្តីគ្នាផងដែរ នៅក្នុងកិច្ចប្រជុំមួយចំនួនស្តីពីវិបត្តិវេណេស៊ុយអេឡា រវាងក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក។
គួរជម្រាបថា កន្លងមកនេះសហរដ្ឋអាមេរិកបានប្រកាន់យកគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ច និងការទូត ប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា ដើម្បីគាំទ្រលោក Guaido។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសទទួលស្គាល់ លោក Guaido ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា កាលពីថ្ងៃទី២៣ ខែមករា ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែងក្នុងអាណត្តិទី ២។ ដោយសារតែហេតុនេះលោក ម៉ាឌូរ៉ូ ក៏បានប្រកាសកាត់ផ្តាច់ចំណងការទូត និងនយោបាយជាមួយអាមេរិក៕