(ហ្សឺណែវ)៖ ក្រុមយុទ្ធនាការសំដៅលុបបំបាត់ អាវុធនុយក្លេអ៊ែរអន្តរជាតិហៅកាត់ ICAN (អាយខេន) បានធ្វើការសិក្សា និងរកឃើញថា ក្នុងរយៈពេល០៣ខែចុងក្រោយនេះ ការប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដ៏សំខាន់មួយ ដែលបង្កើតឡើងកាលពីសម័យសង្រ្គាមត្រជាក់គឺ INF ទីក្រុងវ៉ាស៊ីនតោនបានចុះកិច្ចសន្យាថ្មីៗ សរុបជាទំហំទឹកប្រាក់ជាង ០១ពាន់លានដុល្លារ ពាក់ព័ន្ធនឹងមីស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
លោកស្រី ប៊ីតរ៉ៃស៍ ហ្វីន (Beatrice Fihn) ប្រធានអង្គការ ICAN ជាស្ថាប័នដែលធ្លាប់ទទួលបាន ពានរង្វាន់ណូបែលសន្តិភាពបានព្រមានថា ការដកខ្លួនចេញពីសន្ធិសញ្ញា INF គឺប្រៀបដូចជាការចាប់ផ្តើមនូវសង្រ្គាមត្រជាក់ថ្មី។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែតុលា ឆ្នាំមុនថា ប្រទេសលោកនឹងដើរចេញពីសន្ធិសញ្ញា INF ដែលត្រូវបានព្រមព្រៀងគ្នាដោយអាមេរិក និងអតីតសហភាពសូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨៧ ហើយបានចាប់ផ្តើមនិតីវិធីនេះជាផ្លូវការកាលពីដើមខែកុម្ភៈ ដោយត្រូវចំណាយពេលសរុប ០៦ខែ។ ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានបញ្ជាក់ដែរថា ទីក្រុងម៉ូស្គូនឹងធ្វើដូចគ្នា ។
យោងតាមរបាយការណ៍សិក្សារបស់ ICAN និងអង្គការប្រឆាំងអាវុធនុយក្លេអ៊ែរមួយទៀត ហៅថា ផេក (PAX) ក្នុងរយៈពេល ០៣ខែក្រោយការប្រកាសនៅខែតុលា ឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិកបានធ្វើការចុះកិច្ចសន្យាថ្មីៗ ពាក់ព័ន្ធទៅនឹងការផលិតក៏ដូចជាអភិវឌ្ឍន៍មីស៊ីល ដែលគិតជាទឹកប្រាក់គឺជាង ០១ពាន់លានដុល្លារ។
គួរជម្រាបថា បើតាមរបាយការណ៍ខាងលើ កាលពីចន្លោះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិកបានចុះកិច្ចសន្យាមីស៊ីលថ្មីៗ ជាមួយក្រុមហ៊ុនអាមេរិកចំនួន ០៦ រួមមានដូចជា រ៉ៃថុន (Raytheon), ឡុកឃីកម៉ាទីន (Lockheed Martin), ប៊ូអ៊ីង (Boeing), BAE Systems Thales និង ណតស្រព ហ្គ្រាំមែន (Northrop Grumman) ដោយក្នុងចំណោមនោះក្រុមហ៊ុន Raytheon និង Lockheed Martin ទទួលបានកិច្ចសន្យាច្រើនជាងគេ៕