(ការ៉ាកាស់)៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចវេណេស៊ុយអេឡា លោក អ៊ែលលីយ៉ូត អាប្រាមស៍ (Elliott Abrams) បង្ហើរសារមួយឃ្លាប្រាប់ទៅលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយក្នុងនោះលោកបានណែនាំមេដឹកនាំវេណេស៊ុយអេឡារូបនេះ កុំឲ្យទុកចិត្តនរណាទាំងអស់នៅជុំវិញខ្លួន ជាពិសេសគឺប្រទេសរុស្ស៊ី​ និងគុយបាតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

លោក Abrams ដែលធ្លាប់ត្រូវបានវេណេស៊ុយអេឡាដាក់រហស្សនាមឲ្យថា «ស្តេចនៃវេណេស៊ុយអេឡា» នោះបានប្រាប់ទូរទស្សន៍ក្នុងតំបន់ VPI-tv យ៉ាងដូច្នេះថា «លោក ម៉ាឌូរ៉ូ មិនអាចទុកចិត្តចំពោះស្ថានភាព នៅជុំវិញខ្លួនរបស់លោកនោះឡើយ ក្នុងនោះរួមមានអ្នកទាំងឡាយដែលបានអះអាងថា ស្មោះស្ម័គ្រចំពោះរូបលោកផងដែរ...។ គាត់ (ម៉ាឌូរ៉ូ) មិនត្រូវទុកចិត្តនោះទេ ជាពិសេសទៅលើរុស្ស៊ី​ និងគុយបាតែម្តង...»។

គួរបញ្ជាក់ផងដែរថា លោក Abrams ក៏បានរំលឹកចំពោះសម្តីលោករដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃក៍ ប៉ុមប៉េអូ ដែលបានធ្លាប់បានអះអាងកាលពីប៉ុន្មានថ្ងៃមុននេះថា លោក ម៉ាឌូរ៉ូ បានត្រៀមឡើងជិះយន្តហោះទៅកាន់ប្រទេសគុយបា នៅថ្ងៃដែលការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ផ្ទុះឡើងទៅហើយ ប៉ុន្តែលោកត្រូវបានរុស្ស៊ីឃាត់ទាន់ពេល។ យ៉ាងណាក៏ដោយព័ត៌មាននេះ ក៏ត្រូវបានរុស្ស៊ី និងវេណេស៊ុយអេឡាទាត់ចោលផងដែរ និងបានថ្កោលទោសចំពោះការ​ប្រឌិតព័ត៌មានបែបបំភ្លៃទាំងស្រុងនេះ៕