(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី របស់កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺមានជាប់ពាក់ព័ន្ធនឹងជំនួបរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាមេរិក CBS News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនៅតែបន្តអនុវត្តន៍ជានិច្ច... តែអ្នកបានឃើញកូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីលរយៈចំងាយខ្លី ក្រោយដំណើរទស្សនកិច្ចរបស់លោក គីម នៅរុស្ស៊ី។ ពោលគឺក្រោយលោកបានជជែកជាមួយ លោក វ្ល៉ាឌីមៀ ពូទីន លោក គីម ក៏បានសម្រេចចិត្តធ្វើសកម្មភាពដូចនេះភ្លាម»។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដគ្រឿងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រជាច្រើនគ្រាប់ចេញពីទីក្រុង វ៉ុនសាន (Wonsan) ដែលស្ថិតនៅឆ្នេរខាងកើតប្រទេស ឆ្ពោះទៅកាន់សមុទ្រជប៉ុន (ឬហៅថាសមុទ្រខាងកើត)។ ប៉ុន្តែយោធាកូរ៉េខាងត្បូងក៏បានសន្និដ្ឋានដែរថា អាវុធដែលកូរ៉េខាងជើងបានបាញ់សាកល្បង គឺមីស៊ីលរយៈចំងាយខ្លីដោយវាហោះបាន ក្នុងចំងាយពី ៧០-២០០គីឡូម៉ែត្រ៕