(ម៉ាសេដូនីខាងជើង)៖ បេក្ខជនដែលមានទំនោរគាំទ្រលោកខាងលិច លោក ស្ទេវ៉ូ ផេនដារ៉ូវស្គី (Stevo Pendarovski) បានទទួលជ័យជម្នះក្នុងការបោះ ឆ្នោតជុំចុងក្រោយនៃការជ្រើសរើសប្រធានាធិបតី នៅក្នុងប្រទេសម៉ាសេដូនីខាងជើង (North Macedonia)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់ជុំទីពីរនៅម៉ាសេដូនីខាងជើង បានប្រព្រឹត្តនៅកាលពីថ្ងៃអាទិត្យម្សិលមិញ។ បន្ទាប់ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់ លទ្ធផលបានបង្ហាញថា លោក Pendarovski បានឈ្នះជាមួយសំឡេងគាំទ្រ ៥១.៦៦ភាគរយ នៅក្នុងការបោះឆ្នោតជុំចុងក្រោយនេះ ខណៈលោក ហ្គ័រដាណា ដាវកូវ៉ា (Gordana Siljanovska-Davkova) ដែលជាបេក្ខជនរបស់បក្សប្រឆាំងធំជាងគេ នៅម៉ាសេដូនីខាងជើង VMRO-DPMNE ទទួលបានត្រឹមតែ ៤៤.៧៣ភាគរយប៉ុណ្ណោះ។
គួរជម្រាបថា លោក Stevo Pendarovski គឺជាបេក្ខជនរបស់រដ្ឋាភិបាលចម្រុះនៃគណបក្ស Social Democratic Union Party (SDSM) និង Democratic Union for Integration (DUI)។ បើតាមលោក Pendarovski លទ្ធផលបោះឆ្នោតនេះ នឹងជួយឲ្យប្រទេស របស់លោក ឆ្ពោះទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍មួយ ក៏ដូចជាទៅរកការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការ NATO ជាដើម៕