(ទ្រីប៉ូលី)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ៤៣២នាក់ហើយ និង ២,០៦៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធរវាងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី (ភាគខាងលិច) គាំទ្រដោយអង្គការសហប្រជាជាតិ (UN) និងរដ្ឋាភិបាលភាគខាងកើតនៃប្រទេសលីប៊ី ដែលស្និទ្ធនឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ អង្គការ WHO ក៏បានបញ្ជាក់ដែរថា មនុស្សច្រើនជាង ៥០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈអំពើហិង្សា និងការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្បែរទីក្រុងទ្រីប៉ូលី ដោយរដ្ឋាភិបាលភាគកើតប្តេជ្ញាបន្តការប្រយុទ្ធ ដើម្បីដណ្តើមយកទីក្រុងមួយនេះឲ្យបាន។
គួរជម្រាបថា លោកឧត្ដមសេនីយ ខាលីហ្វា ហាហ្វតា (Khalifa Haftar) ដែលជាមេដឹកនាំកងកម្លាំងរដ្ឋាភិបាលភាគខាងកើត បានដឹកនាំប្រតិបត្តិការយោធាវាយយកទីក្រុងទី្រប៉ូលី កាលពីដើមខែមេសាកន្លងទៅដោយសំអាងថា ដើម្បីកម្ចាត់ពួកភេរវករ និងក្រុមប្រដាប់អាវុធខុសច្បាប់។
ដោយឡែកនៅអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នាយករដ្ឋមន្ត្រីលីប៊ី លោក ហ្វាយ៉េស អាល់ហ្សារ៉ាច (Fayez Serraj) ដែលកំពុងដឹកនាំរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីបានបញ្ជាក់ថា បទឈប់ បាញ់នឹងមិនអាចត្រូវបានធ្វើឡើងឡើយ រហូតទាល់តែកងកម្លាំងភាគខាងកើត ព្រមដកថយទៅកន្លែងដើមវិញ៕