(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានកត់សម្គាល់ ថាភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងប្រទេសមួយចំនួននាពេលបច្ចុប្បន្នកំពុងរុញច្រានឱ្យពិភពលោក ធ្លាក់ចូលក្នុងភាពចលាចល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយការកាសែតបារាំង ឡឺ ប៉ារីសៀន (Le Parisien) លោក ឡឺ ទ្រីយ៉ុង បានលើកឡើងដូច្នេះថា៖ «ទំនាក់ទំនងរវាងប្រទេសជាច្រើននាពេលបច្ចុប្បន្ន លែងផ្អែកលើកិច្ចសហប្រតិបតិ្តការ ទៀតហើយ។ ប៉ុន្តែវាគឺផ្អែកលើការប្រជែងកម្លាំងដាក់គ្នាទៅវិញទៅមក ដែលនេះកំពុងរុញច្រានឱ្យពិភពលោក ធ្លាក់ចូលក្នុងភាពចលាចល»។
គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីការបរទេសបារាំង ការរុញច្រានឱ្យពិភពលោកធ្លាក់ក្នុងភាពចលាចល គឺមាន ជាប់ពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងជាមួយរុស្ស៊ីផងដែរ៕