(ញូដេលី)៖ សារព័ត៌មានឥណ្ឌា Hindustan Times បានរាយការណ៍ថាសហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុង ញូដេលីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD និង Patriot ជំនួសប្រព័ន្ធមីស៊ីលការពារដែនអាកាស រុស្ស៊ី S-400។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាមិនទាន់បញ្ចេញប្រតិកម្មណាមួយជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយ ទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានអះអាងកាលពីខែមីនាថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យឥណ្ឌាបោះបង់ចោលគម្រោងទិញ S-400។ ប៉ុន្តែ បើសិនជា ឥណ្ឌានៅតែទិញប្រព័ន្ធមីស៊ីលនេះពីរុស្ស៊ី នោះអាចនឹងប្រឈមមុខជាប់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈ ការលើកលែងការដាក់ទណ្ឌកម្មអស់សុពលភាពកាលពីដើមខែឧសភា កន្លងទៅ។
គួរបញ្ជាក់ថា ទីក្រុងញូដេលីបានព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីកាលខែតុលា ឆ្នាំ២០១៨ ក្នុងតម្លៃ ៥.៤៣ពាន់លានដុល្លារ ហើយការប្រគល់ប្រព័ន្ធមីស៊ីលនេះគ្រោងនឹងចាប់ផ្ដើមនៅចន្លោះខែតុលា ឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២៣៕