(ម៉ានីល)៖ ប្រជាជនហ្វីលីពីនបានធ្វើដំណើរ ទៅកាន់ការិយាល័យបោះឆ្នោតហើយ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិមួយ ដែលត្រូវបានគេរំពឹងទុកថា នឹងកាន់តែជួយពង្រឹងអំណាចរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ដូចជាបើកផ្លូវឱ្យលោកអនុវត្តន៍ទោសប្រហារជីវិតឡើងវិញ និងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ មានមុខតំណែងចំនួន ១៨,០០០កន្លែងនៅក្នុងស្ថាប័នជាតិ ត្រូវដាក់ឱ្យបណ្ដាបេក្ខជនប្រកួតប្រជែង ហើយក្នុងនោះមានពាក់កណ្ដាល គឺជាអសនៈនៅក្នុងព្រឹទ្ធសភាជាន់ខ្ពស់ ជាទីដែលសមាជិកសភាភាគច្រើន នាំគ្នាប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់លោក ឌូតឺតេ។ ប៉ុន្តែអ្នកជំនាញមួយចំនួនយល់ថា ការបោះឆ្នោតនេះនឹងជួយពង្រឹងអំណាចលោក ឌូតឺតេ បន្ថែមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ ពោលគឺបេក្ខជនដែលលោកតែង តាំងនឹងអាចនឹងទទួលបានសំឡេងពីប្រជាជនហ្វីលីពីន។

ជាក់ស្ដែងអ្នកបោះឆ្នោតម្នាក់ឈ្មោះ អេវែលីន បាលីលី (Evelyn Balili) មានអាយុ ៥៥ឆ្នាំ បានអះអាងថា រូបគេនឹងបោះឆ្នោតជូនបេក្ខជនទំាងអស់ដែលលោក ឌូតឺតេ ជ្រើសតាំង ពីព្រោះអ្នកស្រីជឿថា បេក្ខជន និងរដ្ឋាភិបាលរបស់ប្រធានាធិបតីរូបនេះ នឹងគោរពតាមអ្វីដែលខ្លួនបានសន្យា។

គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីនដែលមានសិទ្ធិបោះឆ្នោតសរុបជាង ៦០លាននាក់ បានប្រមូលផ្ដុំគ្នានៅតាមមណ្ឌលបោះឆ្នោតក្នុងប្រទេសហ្វីលីពីន មុនពេលការិយាល័យបោះឆ្នោត ដែលបានបើកទ្វារតាំងពីវេលាម៉ោងម៉ោង ៦៖០០ព្រឹក ដើម្បីចូលរួមក្នុងការបោះឆ្នោត៕