(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសចិនកំពុងតែស្រមៃចង់ឲ្យ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ឬក៏បុគ្គលទន់ខ្សោយដទៃទៀត ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ដើម្បីអាចបន្តដើរខ្សែលើប្រទេសលោកទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ចិនកំពុងតែស្រមើស្រមៃថា មនុស្សអសកម្មដូចជាលោក Joe Biden ឬមួយបុគ្គលដទៃផ្សេងទៀត នឹងអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីនៅឆ្នាំ២០២០ ព្រោះពួកគេចូលចិត្តណាស់រឿងកេងចំណេញលើអាមេរិក»។
កន្លងទៅនេះលោក ត្រាំ ក៏បានអះអាងថែមទៀតដែរថា «ក្រោយកិច្ចចរចាពាណិជ្ជកម្ម ជុំចុងក្រោយជាមួយអាមេរិក នោះប្រទេសចិននឹងដឹងថា ខ្លួនកំពុងបាក់មុខមាត់ជាខ្លាំង ដែលអាចធ្វើពួកគេរង់ចាំដល់ការបោះឆ្នោតឆ្នាំ២០២០ ហើយ ទើបបន្តកិច្ចចរចាទៅមុខទៀត»។ លោក ត្រាំ ក៏បានទទូចឲ្យចិនសម្រេចកិច្ចព្រមព្រៀងឲ្យបានឆាប់ ជាមួយប្រទេសលោកផងដែរ ដោយមិនត្រូវរង់ចាំដល់ឆ្នាំ២០២០ នោះឡើយ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បាននិងកំពុងតែបន្តព្យាយាមដោះស្រាយ បញ្ហាផ្នែកពាណិជ្ជកម្មរវាងគ្នា ដែលបានចាប់ផ្តើមឡើងដំបូងក្រោយការសម្រេចិត្តរបស់លោក ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងការដំឡើងពន្ធដល់ទៅ ២៥ភាគរយលើទំនិញរបស់ចិនទំហំ ៥០ពាន់លានដុល្លារ ក្រោមគោលដៅកែតម្រូវឱនភាពពាណិជ្ជកម្មអាមេរិក-ចិន។
ចាប់ពីពេលនោះ ភាគីទាំងពីក៏បានគំរាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ខណៈរហូតដល់ចុងឆ្នាំ២០១៨ លោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានឯកភាពគ្នាបើកកិច្ចចរចា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ។ ទោះបីជាកិច្ចចរចាពាណិជ្ជកម្ម ជុំចុងក្រោយកន្លងទៅនេះបានទទួលបរាជ័យ ប្រទេសចិនតាមរយៈក្រសួងការបរទេសបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនចុះចាញ់នោះឡើយ ទោះបីជាត្រូវរកសម្ពាធខ្លាំងយ៉ាងណាក៏ដោយ៕