(វ៉ាស៊ីនតោន)៖ ប្រភពពីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្រេច លុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងម៉ូស្គូនៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំជាមួយក្រុមមន្រ្តីអឺរ៉ុប នៅទីក្រុងព្រុចសែល ដើម្បីជជែកគ្នាអំពីបញ្ហាអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសថា លោក Pompeo នឹងទៅបំពេញទស្សនកិច្ច ០៣ថ្ងៃនៅរុស្ស៊ី ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែឧសភានេះ។ យ៉ាងណាមិញទោះបីជាទស្សនកិច្ចនេះត្រូវលុបចោលក៏ដោយ បើតាមប្រភពខាងលើ លោកប្រមុខការទូតអាមេរិក នឹងត្រូវទៅជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងទីក្រុង សូជី (Sochi) ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារស្អែកនេះដដែល។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន ដែលត្រូវចំពេលមួយឆ្នាំក្រោយសហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់បានប្រកាសលែងអនុវត្តន៍កាតព្វកិច្ចមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ ហើយបានទុករយៈពេល ៦០ថ្ងៃ ឲ្យភាគីពាក់ព័ន្ធទាំងឡាយ ធានាឲ្យបានថា ផលប្រយោជន៍របស់អ៊ីរ៉ង់នឹងនៅតែទទួលបានការការពារ ព្រោះបើដូច្នោះទេអ៊ីរ៉ង់នឹង បន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
មួយរយៈចុងក្រោយនេះភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនឡើងកម្តៅខ្លាំង នៅពេលដែលក្រសួងការពារ ជាតិអាមេរិកបានចល័តនាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក មកកាន់តំបន់មជ្ឈិមបូព៌ា ជាសារព្រមានទៅកាន់អ៊ីរ៉ង់៕