(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Washington Post បានឱ្យដឹងថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នឹងបង្វិលប្រាក់មួយផ្នែកសម្រាប់ការអភិវឌ្ឍគ្រាប់មីស៊ីលបាលីស្ទីគ រួមទាំងប្រព័ន្ធគ្រប់គ្រងការប្រកាសអាសន្ន យកទៅសាងសង់ជញ្ជាំងព្រំដែន តាមបំណងប្រាថ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។
ផ្អែកលើប្រភពដែលខ្លួនទទួលបាន Washington Post បានបញ្ជាក់ទៀតថា ប្រាក់មួយផ្នែកដែលត្រូវយកទៅសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសម៉ិចស៊ីកូ គឺយកចេញពីបា្រក់សម្រាប់គម្រោងអភិវឌ្ឍន៍ មីស៊ីលបាលីស្ទីគអន្តរទ្វីប LGM-30G Minuteman III។ បន្ថែមពីលើនេះ មន្ទីរបញ្ចកោណក៏មានបំណងដកប្រាក់មួយផ្នែក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងប្រកាសអាសន្នបំពាក់លើយន្ដហោះចម្បាំងផងដែរ ដោយសារតែគម្រោងនេះត្រូវបានពន្យារពេល។
គួរជម្រាបថា កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ មន្ទីរបញ្ចកោណបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនសាងសង់ជញ្ជាំងព្រំដែនចំនួន ២។ ដោយឡែកកាលថ្ងៃទី១០ ខែឧសភា ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដកប្រាក់ ១.៥ពាន់លានដុល្លារពីកម្មវិធីជាច្រើន ក្នុងនោះរួមមានកម្មវិធីពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថាន ដើម្បីផ្គត់ផ្គង់ដល់គម្រោងសង់ជញ្ជាំងព្រំដែន៕