(ម៉ូស្គូ)៖ ក្រុមអ្នកជំនាញជាច្រើនយល់ថា សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងជម្រុញទីក្រុងប៉េកាំងប្រើប្រាស់សន្លឹកបៀធំចុងក្រោយ នោះគឺការគិតគូរឡើងវិញពីសន្តិសុខវិស័យថាមពលរបស់ខ្លួន និងកាត់ បន្ថយការនាំចូលថាមពល ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
ការបង្កើនការនាំចេញថាមពល (ប្រេង និងឧស្ម័ន) គឺជាយុទ្ធសាស្ត្រមួយដ៏សំខាន់ របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្ម ខណៈចិនគឺជាប្រទេសដ៏ធំមួយនៅលើពិភពលោក សម្រាប់ទីផ្សារថាមពលអាមេរិក។ ជាក់ស្ដែងកាលពីឆ្នាំ២០១៨ ការប្រើប្រាស់ថាមពល ជាពិសេសធ្យូងថ្មរបស់ចិនបានកើនដល់ ៤.៦៤ពាន់លានតោន ឬកើនឡើង ៧.៧ដងបើធៀបទៅនឹងឆ្នាំ១៩៧៨។
ចំណែកឯ ការនាំចូលប្រេងឆៅគឺមានរហូតដល់ ៧០ភាគរយ និងឧស្ម័ធម្មជាតិ ៤៣ភាគរយឯណោះ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញយល់ថា សហរដ្ឋអាមេរិកគ្មានហេតុផល ត្រូវប្រងើយកន្ដើយ ដ្បិតសង្រ្គាមពាណិជ្ជកម្មមិនមែនត្រឹមតែធ្វើឱ្យចិនខាតបង់តែឯងនោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏ត្រូវរងគ្រោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃសប្ដាហ៍មុន ចិនបានសម្រេចចិត្តដំឡើងពន្ធលើ ផលិតផលនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃជាង ៦០ពាន់លានដុល្លារ ជាការឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានដំឡើងពន្ធមានតម្លៃ ២០០ពាន់លាន ដុល្លារលើផលិតផលនាំចូលពីចិន។
ប៉ុន្តែក្នុងករណីដែលចិនសម្រេចចិត្ត កាត់ការនាំចូលថាមពលពីអាមេរិកនោះទីក្រុងប៉េកាំង ត្រូវបានគេជឿជាក់ថា អាចនឹងងាកកាន់ខ្លាំងទៅអ្នកផ្គត់ផ្គង់ដូចជា រុស្ស៊ី វេណេស៊ុយអេឡា អ៊ីរ៉ង់ និងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីកុំឱ្យពឹងផ្អែកតែលើសហរដ្ឋអាមេរិកពេក ហើយជាក់ស្តែងនាពេលនោះ អាមេរិកប្រាកដជាខាតបង់កាន់តែធំឡើងៗជាមិនខាន មិនមែនចិនតែឯងនោះឡើយ៕