(ឡុងដ៍)៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរងវិបត្តិធ្ងន់ធ្ងរបំផុតដោយសារគ្រោះរាំងស្ងួត​ដ៏អាក្រក់មួយដែលមិនធ្លាប់កើតមាននៅក្នុងរយៈពេល ៣៧ឆ្នាំមកនេះ ហើយក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន តស៊ូប្រយុទ្ធទៅនឹងគ្រោះធម្មជាតិនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

ការអះអាងរបស់កូរ៉េខាងជើង កើតមានឡើងក្រោយអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងរហូតដល់ ១០លាននាក់ កំពុងត្រួវការជំនួយជាស្បៀងអាហារជាបន្ទាន់។ លើសពីនេះទៅទៀត បើតាម UN ប្រជាជនកូរ៉េខាងជើងមានម្ហូបអាហារបរិភោគតែ ៣០០ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ គិតមកទល់នឹងឆ្នាំ២០១៩នេះ ហើយវាជាសញ្ញាគ្រោះថ្នាក់​បំផុតទៅដល់ជីវិតរស់នៅ ជាពិសេសកុមារៗដែលត្រូវការអាហារូបត្ថម្ភ។

ប៉ុន្តែទន្ទឹមគ្នាមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើស្ថានភាពនៃគ្រោះរាំងស្ងួត​វាអាក្រក់ដល់កម្រិតណានោះទេ ខណៈអ្នកសារព័ត៌មាន NK News លោក អូលីវើ ហូសាំ (Oliver Hotham) បានប្រាប់សារព័ត៌មានអង់គ្លេស BBC ផងដែរថា កូរ៉េខាងជើងអាចនឹងត្រូវការការនាំចូលម្ហូបអាហារ ១.៥លានតោន ដើម្បីទប់ស្កាត់វិបត្តិកង្វះស្បៀងអាហារ។

គួរជម្រាបថា កូរ៉េខាងជើងក៏ធ្លាប់ជួបប្រទះគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតមួយផងដែរ កាលពីអំឡុងឆ្នាំ១៩៩០ ដោយមានប្រជាជនរាប់ពាន់ត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត៕