(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាបើសិនជាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាមជាមួយ សហរដ្ឋអាមេរិក នោះវានឹងក្លាយជាថ្ងៃអវសានជាផ្លូវការរបស់ទីក្រុងតេហេរ៉ង់ ស្របពេលដែលប្រទេស២កំពុងផ្លោង សម្ដីគំរាមវាយប្រហារលើគ្នាទៅវិញទៅមក ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ នាពេលថ្មីៗកន្លងទៅក៏បានធ្លាប់បានអះអាងដែរថាសហរដ្ឋអាមេរិកមិនចង់មានសង្រ្គាមជាមួយ អ៊ីរ៉ង់ឡើយ។ ប៉ុន្តែ ការព្រមានខាងលើរបស់ប្រធានាធិបតីអាមេរិករូប នេះ ទំនងជាចង់ឆ្លើយតបទៅនឹងមេបញ្ជាការ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami ដែលបានលើកឡើងថាអ៊ីរ៉ងចង់បានសន្តិភាព តែមិនភ័យខ្លាច ក្នុងការធ្វើសង្រ្គាមជាមួយអាមេរិកនោះទេ។
ដោយឡែក ជុំវិញការលើកឡើងនេះដែរ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) យ៉ាងខ្លីដូច្នេះថា៖ «បើសិនជាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាម នោះវានឹងក្លាយជាថ្ងៃអវសានជាផ្លូវការ របស់អ៊ីរ៉ង់...ដូច្នេះ កុំគំរាមកំហែងសហរដ្ឋអាមេរិកម្ដងទៀត»។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីដើមខែឧសភានេះ នៅពេលដែល ទីក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងទីក្រុងតេហរ៉ង់ ហើយភាពតានតឹងនេះកាន់តែឡើងកម្ដៅ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់ មជ្ឈិមបូព៌ា ដោយសំអាងថាអ៊ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕