(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការកំពូលមួយ នៅសភាតំណាងរាស្រ្តអាមេរិកបានលើកឡើងថា ខ្លួននឹងមិនផ្តល់ការគាំទ្រចំពោះការទាមទារថវិកាទំហំ ៧២.៤លានដុល្លារ របស់ក្រសួងការពារជាតិអាមេរិក ដើម្បីយកទៅបង្កើតកងទ័ពអវកាស ហើយចង់ឲ្យសិក្សាលើជម្រើសផ្សេងវិញ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Space News នៅរសៀល​ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

បច្ចុប្បន្នសភាអាមេរិកកំពុងពិនិត្យវាយតម្លៃមើលលើសេចក្តីស្នើច្បាប់ របស់រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្តីពីការបង្កើតទ័ពអវកាស ជាកងអង្គភាពថ្មីមួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងកំពុងពិចារណាថាគួរ ឬមិនគួរផ្តល់សិទ្ធិអនុញ្ញាតឲ្យបង្កើតកងអង្គភាពនេះ នៅក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២០។

ស្របពេលដែលគណៈកម្មាធិការសេវាកម្មអាវុធ (Armed Services Committees) របស់សភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក គឺជាអ្នកមានសិទ្ធិអនុញ្ញាតឲ្យក្រសួង ការពារជាតិអាមេរិកបង្កើតកងអង្គភាពយោធាថ្មី ប៉ុន្តែការផ្តល់ និងការសម្រេចទំហំកញ្ចប់ថវិកា គឺវាអាស័្រយទៅលើ គណៈកម្មាធិការវាយតម្លៃ (Appropriations Committees) របស់សភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក។

នៅក្នុងរបាយការណ៍ព្រាងមួយរបស់ខ្លួន គណៈកម្មាធិការវាយតម្លៃ នៃសភាតំណាងរាស្រ្តអាមេរិកបានបង្ហាញជំហរមិនគាំទ្រ ចំពោះការផ្តល់ទំហំថវិកា តបតាមការទាមទារ​របស់ក្រសួងការពារជាតិអាមេរិក ដើម្បីបង្កើតទីស្នាក់ការកណ្តាល នៃកងទ័ពអវកាសឡើយ ប៉ុន្តែផ្តល់ថវិកាមួយចំនួនសម្រាប់ឲ្យក្រសួងការពារជាតិ បន្តការសិក្សាពីជម្រើសផ្សេងទៀត។

គួរជម្រាបថា បើតាមមន្រ្តីផ្នែកការពារជាតិអាមេរិក ការចំណាយលើកងទ័ពអវកាស នឹងមិនលើសពី ០២ពាន់លានដុល្លារឡើយ ក្នុងអំឡុងពេល០៥ឆ្នាំ ប៉ុន្តែបើតាមការវិភាគសិក្សារបស់ការិយាល័យថវិកាសភា (Congressional Budget Office) គឺការចំណាយអាចលើសពីនេះឆ្ងាយ ៕