(កៀវ)៖ ទីបំផុតអ្នកនយោបាយដែលប្រែក្លាយខ្លួនមកពីតារាកំប្លែងម្នាក់ គឺលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃចន្ទនេះបានស្បថចូល កាន់តំណែងប្រធានាធិបតីទី ៦ នៃប្រទេសអ៊ុយក្រែនជាផ្លូវការ ក្រោយពីបានឈ្នះឆ្នោតលើ អតីតប្រធានាធិបតី ផេត្រូ ផូរ៉ូហ្សេនកូ ដែលមាននយោបាយគាំទ្រអឺរ៉ុប និងអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

ពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតីខាងលើ ត្រូវបានរៀបចំឡើងនៅក្នុងវិមាននៃសភាអ៊ុយក្រែន។ នាឱកាសនោះ លោក Zelensky បាននិយាយដូច្នេះថា «ខ្ញុំប្តេជ្ញាការពារអធិបតេយ្យភាព និងឯករាជ្យភាពនៃប្រទេសអ៊ុយក្រែន ឲ្យអស់ពីសមត្ថភាព និងមើលថែទាំសុខុមាលភាពរបស់ប្រជាជនអ៊ុយក្រែន ក៏ដូចជាការពារសិទ្ធិសេរីភាពពួកគេ និងបំពេញកាតព្វកិច្ចរបស់ខ្ញុំដោយឈរ លើផលប្រយោជន៍ជនរួមជាតិទាំងអស់ ហើយលើកកម្ពស់មុខមាត់របស់អ៊ុយក្រែន នៅលើឆាកអន្តរជាតិ»

គួរជម្រាបថា លោក Volodymyr Zelensky វ័យ ៤១ឆ្នាំ បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន ជុំចុងក្រោយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ផ្តួលអតីតប្រធានាធិបតីលោក ផេត្រូ ផូរ៉ូហ្សេនកូ (Petro Poroshenko)។ ជុំវិញជ័យជម្នះនេះ ប្រទេសរុស្ស៊ីក៏បានសម្តែងការស្វាគមន៍ផងដែរ ដោយរំពឹងចំពោះទំនាក់ទំនងប្រសើរឡើងវិញ រវាងប្រទេសជិតខាងទាំងពីរ៕