(ប៉េកាំង)៖ បិតាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោក រិន ចេងហ្វ៊ៃ (Ren Zhengfei) បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកំពុងតែមើលស្រាលលើ សមត្ថភាព ក្រុមហ៊ុនរបស់លោក តាមរយៈការកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ និងការដកអាជ្ញាប័ណ្ណពីសំណាក់ Google នោះ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍រដ្ឋចិន CCTV លោក Ren បានលើកឡើងដូច្នេះថា «វិធីសាស្រ្តបច្ចុប្បន្នរបស់អ្នកនយោបាយអាមេរិក កំពុងមើលស្រាលមកលើសមត្ថភាពរបស់ Huawei ហើយលោកបានបន្ថែមថា ក្រុមហ៊ុនក៏មានត្រៀមទុកបន្ទះឈីបមិនតិចប៉ុន្មាននោះដែរ ហើយ Huawei មិនអាចត្រូវញែកឲ្យដាច់ពីពិភពលោកបានឡើយ»។
គួរជម្រាបថា កាលពីថ្ងៃទី១៦ ខែឧសភានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយ ដែលបង្គាប់ឲ្យកត់ឈ្មោះក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្មរបស់អាមេរិក ពោលគឺក្រុមហ៊ុនអាមេរិក ត្រូវតែទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក ទើបអាចរកស៊ីជាមួយ Huawei បាន។ ក្រោយចេញបញ្ជានេះ ក្រុមហ៊ុនអាមេរិក Google ក៏បានផ្អាកការធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយ Huawei រួមមានការការផ្ទេរ Hardware, Software, និងសេវាបច្ចេកទេសជាដើម។
យ៉ាងណាមិញ នាថ្ងៃចន្ទសប្តាហ៍នេះក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងវិញថា រដ្ឋាភិបាលអាមេរិកនឹងពន្យារពេលអនុវត្តន៍ បម្រាមពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei សម្រាប់រយៈពេល ៩០ថ្ងៃ។ ទាក់ទងនឹងការដកបម្រាមជាបណ្តោះអាសន្ននេះ លោក Ren ក៏បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានត្រៀមលក្ខណៈទុកមុនផងដែរ៕