(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានអះអាងថា សកម្មភាពរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺមានគោលដៅទប់ស្កាត់ ជាជាងចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននានា ក្រោយការធ្វើបទបង្ហាញខ្លីទៅកាន់សភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក Shanahan បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់សហរដ្ឋអាមេរិក គឺមានគោលដៅទប់ស្កាត់ជាជាង ចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់... ពោលគឺគោលបំណងធំរបស់យើងគឺចង់បង្ការការប៉ាន់ស្មានខុសរបស់អ៊ីរ៉ង់ ហើយយើង ក៏មិនចង់ឱ្យស្ថានភាពបច្ចុប្បន្នផ្ទុះទៅជាជម្លោះធំនោះដែរ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្លោងសង្រ្គាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាងពីរសប្ដាហ៍មកហើយ ក្រោយអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា។ លើសពីនេះទៅទៀត ភាពតានតឹងរវាងប្រទេសទាំងពិរ កាន់តែឡើងកម្ដៅបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ឱ្យក្លាយទៅជាផេះ បើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសង្រ្គាមជាមួយអាមេរិក៕