(ហ្សាការតា)៖ ដោយសារតែបាតុកម្មហិង្សា បានផ្ទុះឡើងយ៉ាងកក្រើក ប្រឆាំងនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅឥណ្ឌូណេស៊ី ស្ថានទូត ព្រមទាំងក្រុមហ៊ុន កន្លែងរកស៊ី និងស្ថានីយមធ្យោបាយធ្វើដំណើរសាធារណៈជាច្រើន ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន នាថ្ងៃពុធនេះ ក្នុងរដ្ឋធានីហ្សាការតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Euronews នៅល្ងាចថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
បាតុកម្មនេះបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo គឺពិតជាអ្នកដែលទទួលជ័យជម្នះ។ ប៉ុន្តែ គូប្រជែងរបស់លោក គឺលោក Prabowo Subianto បានប្រកាសមិនទទួលស្គាល់លទ្ធផលនេះឡើយ និងបានគំរាមប្តឹងទៅតុលាការធម្មនុញ្ញថែមទៀត។
គួរជម្រាបថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស០៦នាក់បានបាត់បង់ជីវិត និងជាង២០០នាក់បានរងរបួស ហើយប្រមាណជា២០នាក់ទៀត ត្រូវបានឃាត់ខ្លួន ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។ ក្នុងអំឡុងការធ្វើបាតុកម្ម ដែលបានផ្ទុះជាអំពើហិង្សាយ៉ាងកក្រើក កាលពីយប់ថ្ងៃអង្គារម្សិលមិញ រហូតមកទល់ថ្ងៃពុធនេះ ក្រុមអ្នកតវ៉ា ដែលជាអ្នកគាំទ្រលោក Prabowo បានបង្កភាពចលាចល តាមរយៈការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងចោលរបស់របរដូចជាដបសាំង និងដុំថ្មជាដើម មកលើអាជ្ញាធរ ដែលជាហេតុបង្ខំឲ្យមានការបង្រ្កាប តាមរយៈការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជាដើម។ យ៉ាងណាមិញ ក៏មានការចោទប្រកាន់ផងដែរថា មានការប្រើប្រាស់គ្រាប់កាំភ្លើងពិតពីខាងប៉ូលិស៕