(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានព្រមានតួកគីសាជាថ្មីថា នឹងអាចជួបផលវិបាកធ្ងន់ធ្ងរ បើប្រទេសនេះនៅ តែរឹងទទឹងមិនព្រមបោះបង់ចោល គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដោយមិនខ្វល់ពីទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អូតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបាន ក្រើនរំឭកជាច្រើនដងមកហើយថា ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី នឹងអាចបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអង្គការណាតូជាមួយតួកគី... ដូច្នេះហើយយើងសូមបញ្ជាក់ជាថ្មីថា បើតួកគីនៅតែទិញ S-400 នោះផលវិបាកធ្ងន់ធ្ងរនឹងកើតឡើងដោយចៀសមិនរួច»។
គួរបញ្ជាក់ថា ការព្រមានរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងបន្ទាប់ពីសារព័ត៌មាន NBC រាយការណ៍ថា តួកគីមានពេលរហូតដល់ខែមិថុនា ដើម្បីលុបចោលគម្រោងទិញ S-400 បើពុំដូច្នោះទេ ទីក្រុងអង់ការ៉ានឹងជាប់ទណ្ឌកម្មអាមេរិក ដោយសារតែការទិញបច្ចេកវិទ្យាយោធាពីរុស្ស៊ី៕