(តេហេរ៉ង់)៖ អ្នកជំនាញនយោបាយការបរទេសម្នាក់ឈ្មោះ លោកស្រី Banafsheh Keynoush ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់៖ មិត្ត ឬសត្រូវ?» ផងដែរ នោះ បាននិយាយថា អ៊ីរ៉ង់ត្រូវការពេលស្វែងយល់ឲ្យបានច្បាស់អំពីចេតនានៅពីក្រោយការលក់សព្វាវុធរបស់អាមេរិក ទៅឲ្យបណ្តាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានកើនឡើងកម្តៅខ្លាំង កាលពីដើមខែឧសភានេះ នៅពេលអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំង មកកាន់តំបន់ឈូងសមុទ្រពែក ក្រោមមូលហេតុថា មានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបញ្ជូនកងទ័ព១,៥០០នាក់បន្ថែម មកមជ្ឈិមបូព៌ា ហើយគ្រោងនឹងលក់សព្វាវុធតម្លៃ៨.១ពាន់លានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងហ៊្សកដានី ដោយមិនចាំបាច់ត្រូវសភាអនុម័តថែមទៀត។ បើតាម រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ការលក់អាវុធនេះ នឹងជួយគាំទ្រដល់សម្ព័ន្ធមិត្តអាមេរិក នៅមជ្ឈិមបូព៌ា និងពង្រឹងស្ថិរភាពក្នុងតំបន់ ហើយជួយប្រទេសទាំងនេះ ការពារខ្លួនទប់ទល់នឹងប្រទេសអ៊ីរ៉ង់។ យ៉ាងណាមិញ នៅដើមសប្តាហ៍នេះ លោក ត្រាំ បានបញ្ជាក់ថា លោកមិនចង់ផ្លាស់ប្តូររបបដឹកនាំ នៅប្រទេសអ៊ីរ៉ង់នោះទេ។
ទាក់ទិនភាពតានតឹងជាមួយអ៊ីរ៉ង់ លោកស្រី Keynoush បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន អាចកំពុងយកការគំរាមកំហែងពីអ៊ីរ៉ង់ ធ្វើជាលេសដើម្បីធ្វើពាណិជ្ជកម្មលក់អាវុធឲ្យប្រទេសអារ៉ាប់ និងដើម្បីដាក់សម្ពាធឲ្យអ៊ីរ៉ង់ចូលទៅចរចា អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញ ក៏ដូចជាអំពីការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។
បើតាម លោកស្រី Keynoush ទីក្រុងតេហេរ៉ង់ កំពុងតែសិក្សារៀនសូត្រអំពីស្ថានការណ៍រវាងអាមេរិក និងកូរ៉េខាងជើង នាពេលកន្លងទៅ ព្រោះថាមុនពេលមានជំនួបចរចាកំពូលរវាង លោក ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏មានភាពតានតឹងមិនធម្មតាដែររវាងភាគីទាំងពីរ ប៉ុន្តែទីបញ្ចប់នៅតែអាចជួបនិយាយគ្នា ហើយបណ្តាប្រទេសធំៗក្នុងតំបន់ ដូចជារុស្ស៊ី ចិន និងកូរ៉េខាងត្បូង សុទ្ធតែបានចូលរួមជួយបន្ធូរបន្ថយភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។
ជាចុងក្រោយ លោកស្រី Banafsheh Keynoush បាននិយាយថា អ៊ីរ៉ង់ត្រូវការពេល ដើម្បីមើលថាតើ ខ្លួនអាចពឹងពាក់លើប្រទេសណាខ្លះនៅក្នុងតំបន់ ដើម្បីជួយកាត់បន្ថយភាពតានតឹង និងដើម្បីស្វែងយល់ឲ្យច្បាស់អំពីចេតនា នៃការលក់អាវុធយ៉ាងបន្ទាន់របស់អាមេរិក ទៅឲ្យបណ្តាសម្ព័ន្ធមិត្តអារ៉ាប់៕