(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ១៧នាក់បានស្លាប់ និង ៤៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្រោយផ្ទុះករណីពុលស្រានៅរដ្ឋអ៊ូតតាប្រាដែស (Uttar Pradesh) នៃភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឥណ្ឌា ជនរងគ្រោះទាំងអស់បានទិញស្រាផលិតនៅក្នុងស្រុកមួយប្រភេទ ពីហាងមួយកន្លែង ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរនៅក្នុងផ្សារ រ៉េនីហ្គាញ់ (Raniganj) នៅតំបន់ រ៉ាមណាហ្គា (Ramnagar) នៃស្រុក បារ៉ាបាំងគី (Barabanki) ស្ថិតនៅចំងាយ ៥៨គីឡូម៉ែត្រពីភាគខាងកើតទីក្រុង ឡាក់ណាវ (Lucknow) នៃរដ្ឋ Uttar Pradesh។ ជនរងគ្រោះទាំងឡាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចាប់តាំងតែពីយប់ថ្ងៃចន្ទមកម្ល៉េះ ខណៈក្រោយករណីពុលស្រានេះកើតឡើង អាជ្ញាធរបានក្រើនរំឮកប្រជាជន ឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញ និងការទទួលទាស្រាគ្រប់ប្រភេទ។
គួរបញ្ជាក់ថា ករណីពុលស្រាតែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ មនុស្ស ១៥០នាក់បានស្លាប់ដោយសារពុលស្រានៅក្នុងរដ្ឋ អាស្សាម (Assam) ហើយកាលពីខែធ្នូ ឆ្នាំ២០១១ ករណីពុលស្រា បានផ្ដាច់ជីវិតមនុស្ស ១៧២នាក់នៅរដ្ឋ វែសត៍ប៊ែងហ្គាល់ (West Bengal)៕