(តេហេរ៉ង់)៖ ឧត្ដមសេនីយ៍ សាយយ៉ារី (Sayyari) មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយថា សមត្ថភាពការពារជាតិ និងមីស៊ីលរបស់អ៊ីរ៉ង់ នឹងមិនអាចក្លាយជាកម្មវត្ថុនៃកិច្ចចរចាជាដាច់ខាត ប្រសិនបើមានកិច្ចចរចារវាងអន្តរជាតិត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ថាសនីម (Tasnim) លោក Sayyari បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថភាពការពារជាតិ និងមីស៊ីលរបស់អ៊ីរ៉ង់ នឹងមិនអាចក្លាយជាកម្មវត្ថុដាក់លើតុចរចាជាដាច់ខាត... ក្រុមប្រទេសអឺរ៉ុបកំពុងស្រមៃ ប៉ុន្តែយើងនឹងមិនឱ្យក្ដីស្រមៃរបស់ពួកគេ ដែលចង់យកសំណុំរឿងមីស៊ីល មកចរចាជាមួយយើងកើតឡើងនោះទេ»។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងអង្គុយចរចាជាមួយអ៊ីរ៉ង់ ដរាបណាទីក្រុងតេហេរ៉ង់ ប្រកាន់ភ្ជាប់នូវអកប្បកិរិយា ដូចជាប្រទេសធម្មតាដូចគេឯងជាមុនសិន។ ដោយឡែកការថ្លែងរបស់មេទ័ពអ៊ីរ៉ង់ខាងលើនេះ គឺចង់សំដៅទៅលើសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់ ដែលជាសមត្ថភាពខ្លួនត្រូវព្យាយាមបង្កើនជានិច្ច ហើយវាមិនអាចស្ថិតនៅលើតុចរចា ដើម្បីកំណត់ព្រំដែនតាមការចង់បានរបស់នរណាឡើយ៕