(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កន្លងមកតែងតែធ្វើការព្រលះ សារព័ត៌មាននានាដែលផ្សាយមិនល្អពីរូបលោក ដោយក្នុងនោះវាជារឿងធម្មតាទៅហើយ សម្រាប់ CNN ប៉ុន្តែលើកនេះលោក ត្រាំ ហាក់បង្ហាញកំហឹងក្រេវក្រោធលើសពីពេលមុនៗទៀត ដោយលោកបានរិះគន់ខ្លាំងលើការផ្សាយរបស់ CNN ពាក់ព័ន្ធដំណើរទស្សនកិច្ច ប្រធានាធិបតីរូបនេះនៅអង់គ្លេស និងបានអំពាវនាវឲ្យប្រជាជនអាមេរិកទាំងអស់ ឈប់ប្រើសេវារបស់ក្រុមហ៊ុនយក្ស AT&T ដើម្បីបង្ខំឲ្យបណ្តាញទូរទស្សន៍ព័ត៌មាន CNN ធ្វើកំណែទម្រង់ស៊ីជម្រៅបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន FOX News នាយប់ថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើ Twitter ដោយបានបង្ហាញការខឹងសម្បារ ចំពោះ CNN កាន់តែខ្លាំង ហើយលោកក៏បានស្តីបន្ទោសផងដែរទៅលើក្រុមហ៊ុន AT&T ដែលមិនព្រមចាត់ការចំពោះ CNN ដែលស្ថិតនៅក្រោមចំណុះរបស់ខ្លួន។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថាប្រសិនបើប្រជាជនឈប់ប្រើប្រាស់ ឬឈប់គាំទ្រសេវារបស់ AT&T ពួកគេប្រាកដជាទៅបង្ខំឲ្យ CNN ធ្វើកំណែទម្រង់ដ៏ធំមួយ...។ វាមិនយុត្តិធម៌សោះ ជាមួយនឹងព័ត៌មានដែលអាក្រក់ និងប្រឌិតបែបនេះ! ហេតុអ្វីពួកគេមិនចាត់ការ? នៅពេលពិភពលោកមើល CNN ពួកគេឃើញអ្វីដែលមិនពិតពីអាមេរិក! គួរឲ្យសង្វេគណាស់»។
គួរបញ្ជាក់ថា សារព័ត៌មាន CNN បានធ្វើបទវិភាគ និងអត្ថាធិប្បាយជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងទៅចេតនានៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលបង្ហាញពីទស្សនខុសពីសារព័ត៌មានគាំទ្រលោក ត្រាំ ដូចជា FOX News ជាដើមបានចុះផ្សាយ។ លោក ត្រាំ បានសង្កត់ធ្ងន់ជុំវិញរឿងនេះថា លោកបានទស្សនាការផ្សាយរបស់ CNN មួយភ្លែតដែរ ពេលលោកកំពុងធ្វើដំណើរជិតដល់ អង់គ្លេស ព្រោះតែនេះជាសារព័ត៌មានធំមួយរបស់អាមេរិក ប៉ុន្តែលោកក៏បានបិទវាចោល...។ លោកបានចាត់ទុកថា CNN សំបូរដោយព័ត៌មានអវិជ្ជមាន និងប្រឌិត ឬក្លែងក្លាយជាទីបំផុត ហើយវាពិតជាអាក្រក់ណាស់ ដែលធ្វើឲ្យរូបភាពអាមេរិកធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ៕