(វ៉ាលីងតោន)៖ ប៉ូលិសនូវែលសេឡង់ត្រូវបានដាក់ពង្រាយភ្លាមៗ ក្រោយពីមានការព្រមានបំផ្ទុះគ្រាប់បែក ត្រូវបានធ្វើឡើងទៅលើមូលដ្ឋានទ័ពអាកាស នៃប្រទេសដីកោះមួយនេះ ហើយជាលទ្ធផលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីរាយការណ៍បានបន្តទៀតថា ផ្លូវទៅកាន់មូលដ្ឋានទ័ពអាកាសនូវែលសេឡង់ វែណួផៃ (Whenuapai Air Force) ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈឧទ្ធម្ភាគចក្រប៉ូលិស និងរថយន្តចល័តពេលមានអាសន្ន ត្រូវបានដាក់ពង្រាយនៅតំបន់ជុំវិញនោះ។ ពុំទាន់មានការបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះឡើយ ខណៈបុរសជាជនសង្ស័យដែលត្រូវបានចាប់ខ្លួនភ្លាមៗនោះ ក៏មិនទាន់មានការបញ្ជាក់អត្តសញ្ញាណនោះដែរ៕