(អៀរឡង់)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ ៣០០ពាន់លានដុល្លារ លើទំនិញនាំចូលពីប្រទេសចិនបន្ថែមទៀត ប៉ុន្តែលោកក៏បានព្រលយផងដែរថា ទាំងប្រទេសចិន និងមិចស៊ីកូទំនងជាចង់ស្វែងរកដំណោះស្រាយជាមួយអាមេរិក ជុំវិញជម្លោះពាណិជ្ជកម្មដ៏ក្តៅគគុកនេះជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅទីក្រុងហ្សានណាន់ (Shannon) នៃដែនដីអៀរឡង់យ៉ាងដូច្នេះថា «ក្នុងកិច្ចពិភាក្សារបស់យើងជាមួយចិន រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើនកំពុងកើតឡើង... យើងនឹងឃើញនូវអ្វីដែលនឹងត្រូវកើតឡើង... ខ្ញុំអាចធ្វើការដំឡើងពន្ធបន្ថែម ៣០០ពាន់លានដុល្លារ ហើយខ្ញុំនឹងធ្វើវាទៅពេលណាមួយដែលសមស្រប...»។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា តើទំនិញចិនប្រភេទណាខ្លះដែលនឹងត្រូវទទួលរងការដំឡើងពន្ធនោះឡើយ។
លោក ត្រាំ បានសង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំគិតថា ចិនពិតជាចង់បង្កើតកិច្ចព្រមព្រៀងមួយ ហើយមិចស៊ីកូវិញក៏ចង់មានដំណោះស្រាយខ្លាំងណាស់ដែរ...»។ ការនិយាយរបស់លោក ដូណាល់ ត្រាំ នៅអាកាសយានដ្ឋានអៀរឡង់ មុនចាកចេញដំណើរទៅកាន់ប្រទេសបារាំងនេះ ទំនងជាចង់សំដៅទៅលើការគំរាមដំឡើងពន្ធរបស់លោក ទៅលើទំនិញរបស់ប្រទេសមិចស៊ីកូ បើសិនជាមិចស៊ីកូមិនព្រមដោះស្រាយ និងរារាំងជនភៀសខ្លួនពីអាមេរិកកណ្តាល ឆ្លងកាត់តាមទឹកដីមិចស៊ីកូ រួចចូលមកកាន់សហរដ្ឋអាមេរិកទេនោះ៕