(វ៉ាស៊ីនតោន)៖ លោកស្រី នីកគី ហាឡេយ (Nikki Haley) អតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ដែលធ្លាប់ជាមនុស្សជំនិត និងគាំទ្រគោលនយោបាយលោក ដូណាល់ ត្រាំ យ៉ាងសកម្មបំផុតចំពោះមុខអន្តរជាតិនោះ នៅពេលនេះបានចេញមុខរិះគន់ធ្ងន់ៗ ទៅលើស្ថានការណ៍វឹកវរនៃនយោបាយផ្ទៃក្នុងអាមេរិក ដែលលោកស្រីបានលើកឡើងថា ការស្អប់ខ្ពើម និងតិះដៀលគ្នាឯងកំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការផ្សាយរបស់ សារព័ត៌មានអាមេរិក Daily Caller ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

លោក Nikki Haley បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលជាក្តីព្រួយបារម្ភពិតប្រាកដរបស់ខ្ញុំ នោះគឺការពិតដែលខ្ញុំបានដឹងថា តើនយោបាយពិសពុលដល់កម្រិតណា...។ ខ្ញុំជឿទៅលើការដេញដោលតស៊ូមតិគ្នា ប៉ុន្តែនៅពេលវាឈានដល់កម្រិតពិសពុល គឺដល់ថ្នាក់ហៅគ្នាថាជាបិសាចទៅវិញទៅមក គឺខ្ញុំត្រូវតែលើកឡើងពីបញ្ហានេះ ព្រោះឥឡូវវាដល់ចំណុចមួយ ដែលសឹងតែពោរពេញទៅដោយការស្អប់ខ្ពើមគ្នាប៉ុណ្ណោះ»

គួរជម្រាបថា លោកស្រី Haley បានឡើងជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ លោកស្រីក៏បានសម្រេចប្រកាសលាលែងពីតួនាទីនេះ។ បន្ទាប់ពីការលាលែងរបស់​លោកស្រី Nikki Haley សារព័ត៌មានមួយចំនួនបានចេញផ្សាយថា មូលហេតុចម្បង គឺដោយសារតែលោកស្រីមិនពេញចិត្ត ទៅនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប៉ុន្តែរូបលោកស្រីផ្ទាល់បានឆ្លើយតបវិញថា លោកស្រីចង់យកពេលឲ្យបានច្រើននៅជាមួយកូនៗ និងស្វាមីរបស់លោកស្រីប៉ុណ្ណោះ៕