(សេអ៊ូល)៖ នាថ្ងៃចន្ទនេះកងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូង បានទទួលនាវាមុជទឹកមួយគ្រឿងទៀតទម្ងន់១,២០០តោន ដែលត្រូវបានបំពាក់ប្រព័ន្ធប្រយុទ្ធទំនើបថ្មី និងមានសមត្ថភាពចាប់គោលដៅប្រសើរជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
ពិធីប្រគល់នាវាមុជទឹកខាងលើ ត្រូវបានរៀបចំឡើងនៅលើកោះ Geoje ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ជាទីដែលក្រុមហ៊ុនផលិតនាវា-កប៉ាល់ ដ៏ល្បីប្រចាំកូរ៉េខាងត្បូង Daewoo Shipbuilding & Marine Engineerings តាំងនៅ។ នាវាមុជទឹកនោះ គឺជាប្រភេទនាវាមុជទឹកប្រយុទ្ធ Chang Bogo-I class ដែលត្រូវបានដាក់ដំណើរការកាលពីឆ្នាំ២០០០ ប៉ុន្តែត្រូវបានយកមកធ្វើទំនើបកម្ម កាលពីខែមិថុនា ឆ្នាំ២០១៧។
គួរជម្រាបថា កាលពីកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Daewoo Shipbuilding ក៏បានប្រគល់នាវាមុជទឹកប្រភេទ Chang Bogo-I class មួយគ្រឿងទៀតទៅឲ្យកងទ័ពជើងទឹកកូរ៉េខាងត្បូងផងដែរ៕