(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោល នូវគោលនយោបាយអរិភាពប្រឆាំងទីក្រុងព្យុងយ៉ាង បើមិនចង់ឱ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងប្រទេស ទាំង២នៅក្នុងប្រទេសសិង្ហបុរីកា្លយជា«ក្រដាសសទទេមួយសន្លឹក»។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
សេចក្ដីថ្លែងការណ៍ខាងលើរបស់ KCNA ត្រូវបានចេញផ្សាយតែមួយថ្ងៃប៉ុណ្ណោះ មុននឹងដល់ខួបមួយឆ្នាំនៃ ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ KCNA បានលើកឡើងដូច្នេះថា៖«គោលនយោបាយអរិភាព និងឯកតោភាគីរបស់សហរដ្ឋអាមេរិក មិនអាចធ្វើអ្វីកូរ៉េខាងជើងបានឡើយ...ដូច្នេះវាដល់ពេលហើយដែលទីក្រុងវ៉ាស៊ីនតោនត្រូវលុបចោល គោលនយោបាយអរិភាពប្រឆាំងកូរ៉េខាងជើង បើពុំដូច្នោះទេ កិច្ចព្រមព្រៀងនៅក្នុងប្រទេសសិង្ហបុរីនឹងក្លាយជា ក្រដាសសទទេមួយសន្លឹក»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានផ្ទុះឡើងវិញជាថ្មី បន្ទាប់ពីកិច្ចប្រជុំកំពូល លើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែ កុម្ភៈកន្លងទៅ ទទួលបរាជ័យ។ កិច្ចប្រជុំកំពូលនេះទទួលបរាជ័យដោយសារតែសហរដ្ឋអាមេរិកស្នើឱ្យ កូរ៉េខាងជើងរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង តែទីក្រុងព្យុងយ៉ាងបដិសេធដោយអះអាងថាទាល់តែ ទណ្ឌកម្មត្រូវបានលុបចោលជាមុនសិន៕