(ម៉ូស្គូ)៖ រុស្ស៊ីនិងចិននឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់កម្រិតថ្មីមួយគឺ២០០ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាង មុខ។ នេះបើតាមប្រភពពីរដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Oreshkin ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង Saint Petersburg លើកទី២៣ ដែលបាន ប្រព្រឹត្តទៅកាលពីសប្តាហ៍មុន លោក Oreshkin បាននិយាយថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ វិស័យពាណិជ្ជកម្ម ដែលទើបតែត្រូវបានចុះហត្ថលេខានៅឯទីក្រុងម៉ូស្គូ នាឱកាសបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងជួយប្រទេសទាំងពីរសម្រេចគោលដៅខាងលើ។
គួរជម្រាបថា ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិន បានឈានដល់ជាង១០០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨៕