(វ៉ាស៊ីនតោន)៖ បងប្រុសឪពុកតែមួយ និងម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ដែលត្រូវបានគេបន្លំធ្វើឃាតបានសម្រេច នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ គឺជាអ្នកផ្ដល់ព័ត៌មានសំងាត់ម្នាក់ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA។ នេះតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីអតីតមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ អតីតមន្ត្រីអាមេរិករូបនេះដដែលបានបញ្ជាក់ទៀតថា លោក គីម ជុងណាំ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជួបជាមួយមន្ត្រី CIA។ លើសពីនេះទៅទៀត នៅក្នុងសៀវភៅមួយនិយាយពីលោក គីម ជុងអ៊ុន ដែលមានចំណងថា «Great Successor» និពន្ធឡើងដោយអ្នកសារព័ត៌មាន Washington Post លោកស្រី អានណា ហ្វីហ្វៀល (Anna Fifield) ក៏បានលើកឡើងផងដែរថា លោក គីម ជុងណាំ គឺជាអ្នកផ្ដល់ព័ត៌មានម្នាក់ឱ្យ CIA ដែលតែងតែលួចជួបជាមួយមន្ត្រី CIA ជាច្រើនដងក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
តែទោះជាយ៉ាងនេះក្ដី ការអះអាងនេះមិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការណាមួយនៅឡើយទេ រីឯទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដ៏ល្បីល្បាញគឺ CIA ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនោះដែរ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដ៏រសើបនេះ ដោយឡែករដ្ឋាភិបាលកូរ៉េខាងជើងវិញក៏ដូចគ្នាដែរ។
គួររំលឹកជូនថា លោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ ស្រីចំនួន ០២នាក់ ដែលម្នាក់ជនជាតិវៀតណាម និងម្នាក់ទៀតជាជនជាតិឥណ្ឌូណេស៊ី ត្រូវបានគេចោទថាជាឃាតករ និងត្រូវបានចាប់ឃុំខ្លួនធ្វើការស៊ើបអង្កេតជាច្រើនខែដោយម៉ាឡេស៊ី ប៉ុន្តែស្រ្តីទាំងពីរនាក់នេះត្រូវបានដោះលែង ឱ្យមានសេរីភាពឡើងវិញកាលពីខែឧសភា កន្លងទៅ ដែលនេះគឺជាការបិទបញ្ចប់សំណុំរឿងឃាតកម្ម ដ៏រសើបបំផុតមួយទាំងមិនដឹងថា នរណាជាឃាតកពិត បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្លាប់ចោទប្រកាន់ ត្រង់ៗថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក គីម ជុងណាំ ក៏ដោយ៕