(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ក្រុមអាកាសយានិកតួកគី នឹងលែងទទួលការហ្វឹកហាត់ ជំនាញហោះហើរយន្តហោះចម្បាំង F-35 នៅឯមូលដ្ឋានទ័ពអាកាស លូក (Luke) ក្នុងរដ្ឋ អារីហ្សូណា (Arizona) ទៀតហើយ ដែលនេះគឺជាផ្នែកមួយនៃវិវាទ រវាងអាមេរិក និងតួកគីជុំវិញការសម្រេចិត្តរបស់តួកគី ក្នុងការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
បច្ចុប្បន្នពីឡុតតួកគីចំនួន ០៤នាក់ រួមជាមួយបុគ្គលិកពាក់ព័ន្ធ៤៧នាក់ទៀត កំពុងឆ្លងកាត់ការហ្វឹកហាត់នៅមូលដ្ឋានទ័ពអាកាស Luke ក្នុងរដ្ឋ Arizona ជាទីដែលពួកគេទទួលការបង្ហាត់បង្រៀនពីកងទ័ពអាកាសអាមេរិក ដើម្បីបញ្ជា និងមើលថែទាំ យន្តហោះដ៏ទំនើបចុងក្រោយនេះ។ គិតមកទល់ពេលនេះ អាមេរិកបានប្រគល់យន្តហោះចម្បាំងF-35 ចំនួនត្រឹម០៤គ្រឿងប៉ុណ្ណោះឲ្យតួកគី នៅឯមូលដ្ឋានយោធា Luke តែពួកវាមិនទាន់អាចចេញផុតពីទឹកដីអាមេរិកឡើយ។
ខណៈទីក្រុងអង់ការ៉ាបានអះអាងកន្លងមកថា ខ្លួនមានសិទ្ធិទិញសព្វាវុធពីប្រទេសណាក៏បាន ទីក្រុងវ៉ាស៊ីនតោនបានទាមទារឲ្យតួកគីទិញ តែប្រព័ន្ធសព្វាវុធដែលអនុញ្ញាតដោយអង្គការ NATO ប៉ុណ្ណោះ។ យ៉ាងណាមិញតួកគីនៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា កិច្ចព្រមព្រៀងតម្លៃ២.៥ពាន់លានដុល្លារក្នុងការទិញ S-400 ពីរុស្ស៊ី គឺមិនអាចបកក្រោយវិញដាច់ខាត។ បន្ថែមពីនេះក្នុងនាមជាដៃគូដ៏សំខាន់ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ S-35 តួកគីក៏បានបន្តទទូចថា យន្តហោះចម្បាំង F-35 ចំនួន១០០គ្រឿង ដែលខ្លួនបញ្ជាទិញត្រូវតែយកទៅឲ្យដៃតួកគី ខណៈអាមេរិកមិនចង់ឲ្យសព្វាវុធទាំងពីរនេះ (S-400 និង F-35) ស្ថិតនៅក្នុងដៃតួកគីជាមួយគ្នាឡើយ។
គួរជម្រាបថា ថ្មីៗនេះរដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានផ្ញើលិខិតមួយទៅប្រមុខការពារជាតិតួកគី លោក ហ៊ូលូស៊ី អាក្រា (Hulusi Akra) ដោយគូសបញ្ជាក់ថា ការចូលរួមរបស់តួកគីក្នុងកម្មវិធីយន្តហោះចម្បាំង F-35 នឹងត្រូវផ្អាកនៅថ្ងៃទី៣១ ខែកក្កដាខាងមុខ លុះត្រាតែតួកគីផ្លាស់ប្តូរឥរិយាបថ។ ដូច្នេះតួកគីមានពេល៥០ថ្ងៃទៀត ដើម្បីសម្រេចចិត្ត៕