(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យក្រសួងការពារជាតិអាមេរិក បង្កើនការផលិតយន្ដហោះដ្រូនខ្នាតតូច ហើយការបង្គាប់នេះធ្វើឡើងនៅក្នុងលិខិតមួយ ផ្ញើជូនគណៈកម្មាធិការហិរញ្ញវត្ថុ និងគណៈកម្មាធិការធនាគារនៃព្រឹទ្ធសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងលិខិតដែលផ្ញើជូនគណៈកម្មាធិការទាំង ២ ខាងលើដដែលលោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិអាមេរិកនឹងបង្កើនការអភិវឌ្ឍ និងទិញបរិក្ខានានា ដែលចាំបាច់ក្នុងការផលិតយន្ដហោះដ្រូនខ្នាតតូច»។ បន្ថែមពីលើនេះលោក ត្រាំ ក៏បានចេញបទបញ្ជាប្រធានាធិបតីអាមេរិកថា ការផលិតយន្ដហោះដ្រូនខ្នាតតូចគឺជាមានសារៈសំខាន់ សម្រាប់វិស័យការពារជាតិអាមេរិកផងដែរ។
គួរជម្រាបថា បើតាមលិខិតខាងលើ បើគ្មានបញ្ជាពីលោក ដូណាល់ ត្រាំ នោះទេ ឧស្សាហកម្មយន្ដហោះដ្រូនអាមេរិក នឹងមិនអាចមានសមត្ថភាពផលិតយន្ដហោះដ្រូន ឱ្យបានទាន់ពេលវេលានោះឡើយ៕