(បាងកក)៖ មហាសេដ្ឋីផ្នែកសំណង់មួយរូបរបស់ប្រទេសថៃ គឺលោក ព្រេមឆៃ ការណាស៊ូតា (Premchai Karnasuta) ត្រូវបានតុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីបរបាញ់សត្វនៅក្នុងឧទ្យានជាតិអភិរក្សសត្វព្រៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានកាត់ទោសលោក ព្រេមឆៃ ប្រធានក្រុមហ៊ុនអភិវឌ្ឍថៃ-អ៊ីតាលី (Italian Thai Development Co) ពីបទផ្តល់ប្រាក់សំណូក (មិនបញ្ជាក់ចំនួន) ទៅដល់មន្ត្រីរដ្ឋដែលបម្រើការងារ នៅក្នុងនាយកដ្ឋានឧទ្យានជាតិអភិរក្សព្រៃឈើ និងជីវៈចំរុះ ធុងឆែណារ៉េសួន (Thung Yai Naresuan) ស្ថិតនៅក្នុងខេត្ត កញ្ចណាបុរី (Kanchanaburi) ភាគខាងលិចប្រទេសថៃ ដើម្បីបិទបាំងករណីចូលប្រមាញ់សត្វក្នុងឧទ្យាននេះ ជាមួយនឹងមនុស្សបីនាក់ផ្សេងទៀត កាលពីខែកុម្ភៈ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា តុលាការនៃខេត្ត Kanchanaburi ធ្លាប់បានកាត់ទោសមហាសេដ្ឋីខាងលើនេះ ដាក់ពន្ធនាគារម្តងរួចមកហើយ ដោយកាលណោះមានរយៈពេល ១៦ខែ ប៉ុន្តែមហាសេដ្ឋីរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោយការបង់ប្រាក់ធានា។ ក្រោយមកទៀតរឿងក្តីនេះ ក៏បានឈានដល់បណ្តឹងផ្នែកព្រហ្មទណ្ឌ ទើបតុលាការព្រហ្មទណ្ឌថៃបានសម្រេចធ្វើការកាត់ក្តីជាថ្មី និងចេញសាលក្រមដូចខាងលើនេះតែម្តង។ ទោះបីជាបែបនេះក្តី បើតាមមេធាវីរបស់លោក ព្រេមឆៃ ការណាស៊ូតា បានបញ្ជាក់ថា មហាសេដ្ឋីរូបនេះនៅតែអាចដាក់ពាក្យប្តឹងឧទ្ធរណ៍បានផងដែរ៕