(ញូដេលី)៖ ក្រោយការខិតខំស្វែងរកអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតកងទ័ពឥណ្ឌាបានប្រកាសថា យន្តហោះយោធាដឹកជញ្ជូនធុន AN-32 ដែលធ្លាក់កាលពីជាងមួយសប្តាហ៍មុន ត្រូវបានគេរកឃើញបំណែករបស់វាហើយ។ នេះយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះខាងលើត្រូវបានប្រទះឃើញក្នុងតំបន់មួយនៃរដ្ឋ Arunachal Pradesh នៅរយៈកម្ពស់ប្រមាណ៣,៦០០ម៉ែត្រ ដោយឧទ្ធម្ភាគចក្រធុន Mi-17 របស់ទ័ពអាកាសឥណ្ឌា ដែលកំពុងតែធ្វើការរុករកកន្លែងវាធ្លាក់។ ការរកឃើញនេះ កើតមានឡើងនៅថ្ងៃទី០៨ បន្ទាប់ពីយន្តហោះប្រភេទដឹកជញ្ជូន AN-32 មួយគ្រឿងនោះ ដែលមានផ្ទុកមនុស្ស១៣នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា។
គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនានេះ យន្តហោះខាងលើ បានចេញដំណើរពីរដ្ឋ Jorhat ដើម្បីឆ្ពោះទៅកាន់រដ្ឋ Arunachal Pradesh ដែលនៅក្បែរគ្នា ហើយត្រូវចុះចតនៅព្រលានយន្តហោះយោធាមួយកន្លែង នៅក្បែរភូមិឈ្មោះថា Mechuka នាមួយម៉ោងក្រោយ ប៉ុន្តែការទាក់ទងជាមួយយន្តហោះក៏ស្រាប់បានដាច់ ដែលជាហេតុនាំឲ្យមានការចេញប្រតិបត្តិការរុករកទ្រង់ទ្រាយធំភ្លាមៗនាពេលនោះ៕