(តូក្យូ)៖ នាវាផ្ទុកយន្តហោះចម្បាំង Liaoning និងនាវាយោធាមួយចំនួនទៀតរបស់ចិន ត្រូវគេប្រទះឃើញធ្វើដំណើរឆ្លងកាត់ដែនកោះ ចំនួនពីររបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន NHK នៅ ព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសារព័ត៌មាន NHK ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា ក្បួននាវាយោធាចិន ដែលប្រទះឃើញដោយ កងស្វ័យការពារ សមុទ្រ ជប៉ុន បានធ្វើដំណើរឆ្លងកាត់កោះ Okinawa និងកោះ Miyako នៃខេត្ត Okinawa ដែលទំនងជាមកពីសមុទ្រចិនខាងកើត ហើយឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការចូលរួមសមយុទ្ធអ្វីម៉្យាង។ យ៉ាងណាមិញ ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា ក្បួននាវាដឹកយន្តហោះចម្បាំងចិន ពុំបានបំពានចូលក្នុងដែនទឹករបស់ប្រទេសជប៉ុនឡើយ។
គួរជម្រាបថា វាពុំមែនជាលើកទីមួយឡើយដែលនាវាយោធាចិន ត្រូវគេប្រទះឃើញនៅក្បែរប្រទេសជប៉ុន។ កាលពីខែធ្នូ ឆ្នាំ២០១៦ ជប៉ុនក៏បានប្រទះភ្នែកឃើញការចល័តនាវាដឹកយន្តហោះចម្បាំង Liaoning នៅឯសមុទ្រចិនខាងកើតផងដែរ៕