(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃ ទៅកាន់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធសប្ដាហ៍នេះជាមួយការរំពឹងថា លោកអាចនឹងដើរតួនាទីជាអ្នកបន្ធូរបន្ថយភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាន។
ប៉ុន្តែទន្ទឹមគ្នានោះអ្នកជំនាញខ្លះក៏មើលឃើញដែរថា លោក អាបេ អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុនការបោះឆ្នោតថ្នាក់ជាតិមួយ ឈានចូលមកដល់នៅក្នុងប្រទេសជប៉ុន។
* ហេតុអ្វីបានជាលោក អាបេ ទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់?
បើតាមផ្លូវការ ការបំពេញទស្សនកិច្ចរបស់លោក អាបេ ធ្វើឡើងនាឱកាសដែលប្រទេសជប៉ុន និងអ៊ីរ៉ង់ រំលឹកខួបលើកទី ៩០ នៃការផ្សាភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដោយឡែកបើនិយាយពីរឿងក្រៅផ្លូវការវិញ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំធ្វើឡើង តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក អាបេ បានជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភា ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាជប៉ុនជាដើមឈប់ទិញប្រេងពីអ៊ីរ៉ង់ ប៉ុន្តែវាដូចជារឿងលំបាកខ្លាំងសម្រាប់ជប៉ុនធ្វើតាម។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្ដើមឡើងកម្ដៅឡើងវិញក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែតានតឹងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនកងទ័ព និងសព្វាវុធទំនើបៗជាច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ា។ ដូច្នេះហើយគ្រប់គ្នាពិតជាកំពុងរំពឹងថា លោក អាបេ អាចនឹងជួយបន្ធូរបន្ថយភាពតានតឹងនេះ។
* ហេតុអ្វីបានជាបញ្ហាអ៊ីរ៉ង់ គឺជាបញ្ហារបស់ជប៉ុន?
តាមការពិតទីក្រុងតូក្យូមិនមែនជាប្រទេសហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រវាងទីក្រុងតេហេរ៉ង់ និងប្រទេសមហាអំណាច ៥ បូក ១ (ចិន រុស្ស៊ី បារាំង អង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់) នោះទេ។ ប៉ុន្តែនេះមិនមែនមានន័យថា ជប៉ុនមិនរងផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះនោះឡើយ ដ្បិតជប៉ុនគឺជាអតិថិជនដ៏ធំមួយ ដែលទិញពីប្រេងពីអ៊ីរ៉ង់។ ដូច្នេះទោះចង់ ឬមិនចង់ ទណ្ឌកម្មដែលអាមេរិកហាមប្រទេសដទៃទិញប្រេងពីអ៊ីរ៉ង់ នឹងធ្វើឱ្យប៉ះដល់វិស័យថាមពល និងសេដ្ឋកិច្ចរបស់ជប៉ុន។
ម្យ៉ាងវិញទៀត បើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តកើតមាន ឬជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងនៅថ្ងៃណាមួយ នោះវានឹងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃ ដែលនឹងផ្ដល់ផលប៉ះពាល់អវិជ្ជមានកាន់តែធំដល់សេដ្ឋកិច្ចជប៉ុន។
* តើជប៉ុនអាចជួយផ្សះផ្សាបញ្ហាអាមេរិក និងអ៊ីរ៉ង់បានទេ?
អ្នកជំនាញមួយចំនួនដូចជាលោក ចេហ្វ ឃីងតិន (Jeff Kingston) ជាដើម ដែលជានាយកផ្នែកសិក្សាតំបន់អាស៊ីមកពីសាកលវិទ្យាល័យ Temple University ក្នុងទីក្រុងតូក្យូ យល់ថា ទស្សនកិច្ចរបស់លោក អាបេ នៅអ៊ីរ៉ង់នឹងមិនអាចសម្រេចបាននូវសមិទ្ធផលធំដុំអ្វីឡើយ ដោយសារតែទំនាក់ទំនងល្អរវាងទីក្រុង តូក្យូ និងទីក្រុងវ៉ាស៊ីនតោន។ លោកបន្ថែមដូច្នេះថា «អ៊ីរ៉ង់មិនអាចទុកចិត្តជប៉ុន ១០០ភាគរយនោះទេ ដោយសារតែនៅក្នុងកែវភ្នែករបស់ទីក្រុងតេហេរ៉ង់ ជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដែលតែងតែដើរតាមសហរដ្ឋអាមេរិកស្ទើរតែគ្រប់រឿង...»។
គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ នឹងផ្ដើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ ដោយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) នៅថ្ងៃបន្ទាប់៕
ប្រភព៖ សារព័ត៌មានអង់គ្លេស BBC (ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩)៕