(វ៉ាស៊ីនតោន)៖ ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការលក់សព្វាវុធទៅឲ្យប្រទេសអារ៉ាប់ រួមមានអារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមនោះ គឺហេតុផលមួយផ្នែកដោយសារតែ អាមេរិកចង់រារាំងកុំឲ្យរុស្ស៊ី និងចិនឆក់យកឱកាសនេះបាន។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បញ្ហាលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ទីមួយដើម្បីជួយប្រទេសទាំងពីរការពារខ្លួន នៅក្នុងមជ្ឈដ្ឋាននៃការគំរាមកំហែងដ៏គ្រោះថ្នាក់ ហើយទីពីរវិញ ប្រសិនបើប្រទេសទាំងពីរមិនអាចទិញអាវុធពីអាមេរិក ដែលជាដៃគូដ៏រឹងមាំជាមួយគ្នាទេនោះ ដោយសារតែហេតុផលសន្តិសុខ ពួកគេអាចនឹងត្រូវបង្ខំចិត្តងាកទៅរកចិន ឬមួយក៏រុស្ស៊ី។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមលក់សព្វាវុធទៅឲ្យប្រទេសទាំងពីរ ដោយពុំចាំបាច់ ត្រូវសុំការអនុម័តពីសភាឡើយ ខណៈសភាអាមេរិកកំពុងខិតខំរារាំងទង្វើនេះ។ អាមេរិកមានកិច្ចព្រមព្រៀងលក់អាវុធទំហំជាង ៨ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះរួមមានទាំងគ្រាប់បែក ១២០,០០០គ្រាប់, ការផ្តល់សេវាគាំទ្រដល់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត, ព្រមទាំងកាំភ្លើងត្បាល់, មីស៊ីលកម្ទេចរថក្រោះ និងកាំភ្លើងស៊ីបប្រភេទ 50-caliber ជាដើម៕